អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (Bird Life) រៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់ការនាំចូលឌីក្លូហ្វេណាក់ (DICLOFENAC)

ចេញ​ផ្សាយ​ ១២ កញ្ញា ២០១៩

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (Bird Life) បានរៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់ការនាំចូលឌីក្លូហ្វេណាក់ (DICLOFENAC) ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ ពិធីនេះមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវីធីប្រចំាកម្ពុជា តំណាង នាយកមជ្ឈមណ្ឌលអង្គការសម្រាប់អភិរក្សជីវចម្រុះ តំណាងអង្គការសមាគមន៍អភិរក្សសត្វព្រៃ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពាក់ព័ន្ធតំបន់ត្មាតរស់នៅ។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយពីសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការប្រើប្រាស់បសុឱសថគ្រប់ប្រភេទដែលមានសារធាតុឌីក្លូហ្វេណាក់ (DICLOFENAC) ឫប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំពីឌីក្លូហ្វេណាក់ (DICLOFENAC) ក្នុងការព្យាបាលសត្វគ្រប់ប្រភេទ ដែលអាចប៉ះពាល់ដល់ជីវិតរបស់សត្វត្មាតនៅកម្ពុជា ដោយជំនួសមកវិញនូវបសុឱសថប្រភេទមេឡូស៊ីកាមដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលសត្វ និងមិនទទួលគ្រោះថ្នាក់លើសត្វត្មាតដល់បណ្តាខេត្តពាក់ព័ន្ធ ក្រុមហ៊ុនធ្វើពាណិជ្ជកម្មបសុឱសថ អ្នកផ្គត់ផ្គង់-ចែកចាយបសុឱសថ ភ្នាក់ងារផ្តល់សេវាបសុព្យាបាល និងអ្នកប្រើប្រាស់បសុឱសថឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ឌីក្លូហ្វេណាក់ (DICLOFENAC) នេះ។