នាព្រឹកថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំកិច្ចប្រជុំលើកទី២របស់ក្រុមការងារបច្ចេកទេសរៀបចំកសាងគោលនយោបាយអភិវឌ្ឍន៍ឡជីវឧស្ម័នជាតិនៅកម្ពុជាឆ្នាំ២០២១-២០៣០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់លើឯកសារគោលនយោបាយអភិវឌ្ឍន៍ឡជីវឧស្ម័ននៅកម្ពុជាឆ្នាំ២០២១-២០៣០ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងឆ្លើយតបបានទៅនឹងតម្រូវការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនៅកម្ពុជា និងប្រមូលធាតុបន្ថែមលើសំណើយុទ្ធសាស្រ្ត ផែនការសកម្មភាព និងយន្តការនៃការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាកឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃី វិបុលបុត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុន្នីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យឯកជន គ្រឹះស្ថានសាធារណៈ អង្គការ និងស្ថានទូត និងមន្រ្តីពាក់ព័ន្ធ។