សំណេះសំណាលនិងសួរសុខទុក្ខនាយទាហាន ពលទាហាននៅអង្គភាពវរៈសេនាតូចលេខ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពត

ចេញ​ផ្សាយ​ ០១ តុលា ២០១៨ 6612

នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា គ.ស២០១៨ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូក្រសួងបានចុះទៅសំណេះសំណាលនិងសួរសុខទុក្ខនាយទាហាន ពលទាហាននៅអង្គភាពវរៈសេនាតូចលេខ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពត ដែលមានទីតាំងនៅភូមិតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។

ជាបឋម តាមរយៈឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេសនាយទាហាន ពលទាហានតែបំពេញតួនាទីឈរជើងការពារខ្សែបន្ទាត់ព្រំដែនជុំវិញផ្ទៃប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពលិកម្ម ឆន្ទៈដ៏មោះមុត និងពុះពារគ្រប់ឧបសគ្គរបស់អង្គភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលធានាបាននូវសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគួរជាទីមោទនៈ។