ចុះពិនិត្យការងារផលិតកម្មកសិកម្មតាមកិច្ចសន្យា ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ីភី កម្ពុជា

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០១៨ 979

នៅថ្ងៃសៅរ៍ ៥រោច ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ.ស២០១៨ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ និងសហការីចុះពិនិត្យការងារផលិតកម្មកសិកម្មតាមកិច្ចសន្យា ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ីភី កម្ពុជា និងលោក ហុង គឹមជី ដែលស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ កសិដ្ឋានមានផ្ទៃដីប្រមាណជា ៤,៨ ហត សម្រាប់ចិញ្ចឹមជ្រូកក្នុង ១វគ្គចំនួន ១ ៨០០ក្បាល ហើយក្នុង ១ឆ្នាំអាចមានលទ្ធភាពចិញ្ចឹមបាន ២វគ្គផងដែរដោយត្រូវការបុគ្គលិកបម្រើការតែ ៤នាក់ប៉ុណ្ណោះ។ ដោយមានការចូលចិត្ត វិស័យចិញ្ចឹមសត្វ បានបង្កើតកសិដ្ឋាននេះតាំងពីឆ្នាំ ២០១៥ ដែលមានការជួយជ្រោមជ្រែងពីមន្ត្រីជំនាញ របស់មន្ទីរកសិកម្មខេត្ត និងការផ្តល់បុរេប្រទាន ក៏ដូចជាការងារបណ្ដុះបណ្ដាល បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន និងការផ្តល់វ៉ាក់សាំងការពារជំងឺពីក្រុមហ៊ុន រួមជាមួយការយកចិត្តទុកដាក់ថែទាំយ៉ាងល្អពីកសិករគំរូម្នាក់នេះ បាននាំឲ្យគាត់ឈានទៅរកបានប្រាក់ចំណេញប្រមាណជាង ៣ម៉ីនដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំ។ ទន្ទឹមនឹងនេះ គាត់ក៏មានបំណងប្រាថ្នាពង្រីកកសិដ្ឋានរបស់គាត់បន្ថែមទៀតផងដែរ។