កាលពីថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ Khek M Caimeay ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺអុតក្ដាមគោ ក្របី ចំនួន២០០ ០០០កម្រិត (Doese) នៅទីក្រុងប៉េកាំង ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតំណាងដោយ ឯកឧត្ដម Zhang Taolin អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទ។ វ៉ាក់សាំងទាំងនេះនឹងប្រគល់ជូនអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីប្រើប្រាស់លើការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វ ជាពិសេសជំងឺអុតក្ដាមដែលកើតមានលើសត្វគោ ក្របីរបស់ប្រជាកសិករនៅទូទាំងប្រទេស។ បន្ថែមពីនេះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននឹងកំពុងពិនិត្យលទ្ធភាពសិក្សា និងវាយតម្លៃពីបច្ចេកទេសក្នុងការផលិតវ៉ាក់សាំងអុតក្ដាម និងសារទឹកនៅក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេសដែលមានតម្លៃថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មចិញ្ចឹមសត្វថែមទៀតផង។