សិក្ខាសាលាស្តីពី "ការជំរុញវិស័យចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា"

ចេញ​ផ្សាយ​ ០១ មិថុនា ២០២០ 6532

នាព្រឹកថ្ងៃសៅរ៍ ៩កេីត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២០​ នៅសណ្ឋាគារ រីជេនស៊ី ខេត្តសៀមរាប មានកម្មវិធីបើកសិក្ខាសាលាស្តីពី "ការជំរុញវិស័យចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា" រៀបចំដោយសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្ម ដោយមានការចូលរួមពីសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តំណាងធនាគារអភិវឌ្ឍន៍ជនបទ កសិករចិញ្ចឹមសត្វចំនួនប្រមាណ១៥០នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ។ ជាកិច្ចចាប់ផ្តើម លោក ស៊្រុន ពៅ ប្រធានសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជាបានធ្វើការចាប់អារម្មណ៍អំពីគោលបំណងនៃសិក្ខាសាលា ដែលជាឱកាសពិសេស និងជាវេទិកាពិភាក្សាជាមួយអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ សមាគមន៍អ្នកចឹញ្ចឹមសត្វ អ្នកជំនាញផ្សេងៗមានអ្នកជំនាញខាងជំងឺសត្វ អ្នកចឹញ្ចឹមសត្វ និងធនាគារអភិវឌ្ឍន៍ជបបទ ដើម្បីស្វែងរកគន្លឹះក្នុងការជម្រុញលើកកម្ពស់ការចឹញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គង់ផ្គង់ទីផ្សារសាច់សត្វនៅកម្ពុជាឲ្យបានគ្រប់គ្រាន់ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងការរឹតបណ្តឹង និងកាត់បន្ថយការនាំចូលសត្វ។ លោកប្រធានក៏បានរំលឹកឲ្យប្រជាកសិករប្រុងប្រយ័ត្នអំពីការផ្ទុះជំងឺឆ្លងសត្វឡើងវិញដោយលើកឡើងថា" យើងភ្លេចជំងឺ តែជំងឺមិនភ្លេចយើងទេ"។ លោក រស់ សេង ហាក់ តំណាងធនាគារអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីទុនពិសេសសម្រាប់លើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាការចឹញ្ចឹមសត្វ។ ទុនពិសេសនេះមានលក្ខណៈអនុគ្រោះច្រើន និងងាយស្រួលក្នុងការទទួលបានប្រាក់កំចី។ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើរបាយការណ៍អំពីស្ថាភាពសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប និងការជម្រុញការចឹញ្ចឹមសត្វកន្លងមក។ មុននឹងបើកម្មវិធីសិក្ខាសាលា ឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការសំណេះសំណាល ជាមួយអង្គសិក្ខាសាលាទាំងមូលអំពីសិក្ខាសាលាថ្ងៃនេះដែលជាឱកាសពិសេសដែលមានរូបខ្ញុំ ក្រុមអ្នកជំនាញ និងកសិករ ជួបជុំគ្នា ដែលជាវេទិកាមួយបើកចំហរឲ្យបងប្អូនធ្វើការចោទសួរ មករូបខ្ញុំផ្ទាល់ និងក្រុមអ្នកជំនាញ នូវអ្វីដែលបងប្អូនជួបការលំបាកដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជម្រុញការចឹញ្ចឹមសត្វ។ ឯកឧត្តមបានលើកឡើងអំពីការកាត់បន្ថយការនាំចូលសត្វជាពិសេសជ្រូក និងមាន់ស្របតាមអនុសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងតម្លៃសត្វនៅលើទីផ្សារឲ្យបានស្ថេរភាពដែលជាគន្លឹះក្នុងការជម្រុញការចឹញ្ចឹមសត្វនៅក្នុងស្រុករបស់ប្រជាកសិករ។ ឯកឧត្តមក៏បានធ្វើការសំណេះសំណាលអំពីបទពិសោធន៍កន្លងមកជាមួយកសិករអំពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ការទប់ស្កាត់ចរាចរជ្រូកខុសច្បាប់ ការលើកម្ពស់ការចឹញ្ចឹមសត្វ និង ការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការឆ្លើយឆ្លងជាមួយអង្គសិក្ខាសាលាទាំងមូល។ បន្ទាប់មកមានវេទិការពេញអង្គសំណួរចម្លើយជាមួយ ឯកឧត្តមប្រតិភូផ្ទាល់ សមាគមន៍អ្នកចឹញ្ចឹមសត្វ ធនាគារអភិវឌ្ឍន៍ជនបទ និងអ្នកជំនាញពាក់ព័ន្ធយ៉ាងផុសផុល។