សិក្ខាសាលាស្តីពី "ការជំរុញវិស័យចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា"

ចេញ​ផ្សាយ​ ០៧ កក្កដា ២០២០ 6538

នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសណ្ឋាគារឌីយ៉ាម៉ង់ខេត្តកំពត មានកម្មវិធីបើកសិក្ខាសាលាស្តីពី "ការជំរុញវិស័យចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា" រៀបចំដោយសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត រដ្ឋអំណាចមូលដ្ឋាន តំណាងធនាគារអភិវឌ្ឍន៍ជនបទ ក្រុមហ៊ុន ចំណីសត្វនិងចឹញ្ចឹមសត្វ កសិករចិញ្ចឹមសត្វចំនួនប្រមាណ១៩៧ នាក់ ក្នុងនោះស្រី៣៦នាក់ និងអ្នកពាក់ព័ន្ធផ្សេងៗ។ ជាកិច្ចចាប់ផ្តើម លោក ស៊្រុន ពៅ ប្រធានសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជាបានធ្វើការ ចាប់អារម្មណ៍អំពីគោលបំណងនៃសិក្ខាសាលា ដែលជាឱកាសពិសេស និងជាវេទិកាពិភាក្សាជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សមាគមន៍អ្នកចឹញ្ចឹមសត្វ អ្នកជំនាញផ្សេងៗមានអ្នកជំនាញខាងជំងឺសត្វ អ្នកចឹញ្ចឹមសត្វ និងធនាគារអភិវឌ្ឍន៍ជបបទ ដើម្បីស្វែងរកគន្លឹះក្នុងការជំរុញលើកកម្ពស់ការចឹញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គង់ផ្គង់ ទីផ្សារសាច់សត្វ នៅកម្ពុជាឲ្យបានគ្រប់គ្រាន់ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ដូច ជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការរឹតបណ្តឹង និងកាត់បន្ថយការនាំចូលសត្វ។ លោកប្រធានក៏បានរំលឹកឲ្យប្រជាកសិករប្រុងប្រយ័ត្ន អំពីការផ្ទុះជំងឺឆ្លងសត្វឡើងវិញជាពិសេសជំងឺបេស្តជ្រូកអាហ្វ្រិក។ លោកតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានលើកឡើងអំពីទុនពិសេសសម្រាប់លើកកម្ពស់វិស័យកសិកម្មក៏ដូចជាការចឹញ្ចឹមសត្វដោយមានលក្ខណៈអនុគ្រោះ និងងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី។ បន្ទាប់មកទៀត លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត មានការចាប់អារម្មណ៍ ខ្ពស់អំពីគោលបំណងនៃសិក្ខាសាលា និងបានធ្វើរបាយការណ៍ អំពីស្ថានភាពសង្គមសេដ្ឋកិច្ចនៅខេត្តកំពត ជាពិសេសការការចឹញ្ចឹមសត្វមានលក្ខណៈល្អប្រសើរ មាន១០% ចឹញ្ចឹមជាលក្ខណៈកសិដ្ឋានការចឹញ្ចឹម ជ្រូកជាលក្ខណៈកសិករថយចុះ ហើយលក្ខណៈកសិដ្ឋានកើនឡើង។ មុននឹងបើកម្មវិធីសិក្ខាសាលា ឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការសំណេះសំណាល ជាមួយអង្គសិក្ខាទាំ ងមូលអំពីសិក្ខាសាលា ថ្ងៃនេះដែលជាឱកាសពិសេសដែលមានរូបខ្ញុំ ក្រុមអ្នកជំនាញ និងកសិករជួបជុំគ្នាដែលជាវេទិកាមួយបើកចំហរឲ្យបងប្អូនធ្វើការចោទសួរមករូបខ្ញុំផ្ទាល់ និងក្រុមអ្នកជំនាញ នូវអ្វីដែលបងប្អូនជួបការលំបាកដើម្បី ស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការចឹញ្ចឹមសត្វជូនប្រជាកសិករ។ កន្លងមកយើងធ្វើការកាត់បន្ថយការនាំចូលសត្វជាពិសេសជ្រូក និងមាន់ស្របតាមអនុសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងតម្លៃសត្វនៅលើទីផ្សារឲ្យបានស្ថេរភាពដែលជាគន្លឹះ ក្នុងការជម្រុញការចឹញ្ចឹមសត្វនៅក្នុងស្រុករបស់ប្រជាកសិករ។ ក្នុងអំឡុងពេលមានកូវីដ-១៩ យើងធ្វើការកាត់ បន្ថយខ្លាំងនូវការនាំចូលជាពិសេសជ្រូក និងមាន់ជាអតិបរមាដើម្បីធានាតម្លៃសមស្រប។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ ក្នុងការចងក្រងក្រុមកសិករចឹញ្ចឹមសត្វដើម្បីរៀបចំផែនការការចឹញ្ចឹម និងផ្គត់ផ្គង់ ទីផ្សារដើម្បីចូលរួមកុំឲ្យមានអតិផរណាទីផ្សារដែលយើងបានជួបប្រទះកន្លងមកស្របពេលនេះការចឹញ្ចឹមជ្រូកមានលក្ខណៈល្អប្រសើរ បានតម្លៃខ្ពស់ល្អប្រសើរជាងមាន់។
ឯកឧត្តមក៏បានធ្វើការសំណេះសំណាលអំពីបទពិសោធន៍កន្លងមកជាមួយកសិករអំពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ការទប់ស្កាត់ចរាចរជ្រូកខុសច្បាប់ការលើកកម្ពស់ការចិញ្ចឹមសត្វ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការឆ្លើយឆ្លងជាមួយអង្គសិក្ខាសាលាទំាងមូល។បន្ទាប់មកមានវេទិកាពេញអង្គសំណួរចម្លើយជាមួយឯកឧត្តមប្រតិភូផ្ទាល់សមាគមន៍អ្នកចិញ្ចឹមសត្វ ធានាគារអភិវឌ្ឍន៍ជនបទ និងអ្នកជំនាញពាក់ព័ន្ធយ៉ាងផុសផុល។