អបអរពីធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ និងមធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ១១ កញ្ញា ២០១៩ 10085

នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិត្តិយសដែលបានឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ និងមធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សា​ទ លោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តគោលដៅទាំង៧។ ក្នុងឱកាស​នោះឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាល​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បានជម្រាប​ជូនអង្គពិធីជ្រាបថា​ សម្ភារឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ត្រូវបានទទួលមានសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ រថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន១៤គ្រឿង ម៉ា​ស៊ីនភ្លើងចំនួន៧គ្រឿង ម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនទៀត គិតជាទឹកប្រាក់ចំនួន៩ ៦៦០ ០០០យ័ន ស្មើនឹង១ ៣៥០ ០០០ ដុល្លាអាមេ​រិ​ច​​ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន៧ខេត្តគឺខេត្តត្បូងឃ្មុំចំនួន៣០០ឡ ខេត្តកំពង់ចាមចំនួន២០០ឡ ខេត្តព្រៃវែងចំនួន២០០ឡ ខេត្តស្វាយរៀងចំនួន២០០ឡ ខេ​ត្តកំ​ពង់ឆ្នាំងចំនួន២០០ឡ ខេត្តពោធិ៍សាត់ចំនួន២០០ឡ និងខេត្តព្រះវិហារចំនួន២០០ឡ។